ព្រះត្រៃបិដក ភាគ ៦៨
[៣៥៤] ពាក្យថា បន្ទោបង់នូវឧបក្កិលេសទាំងពួង សេចក្តីថា រាគៈជាឧបក្កិលេសរបស់ចិត្ត ទោសៈជាឧបក្កិលេសរបស់ចិត្ត មោហៈជាឧបក្កិលេសរបស់ចិត្ត កោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារទាំងពួង ជាឧបក្កិលេសរបស់ចិត្ត។ ពាក្យថា បន្ទោបង់នូវឧបក្កិលេសទាំងពួង គឺ បន្ទោ បន្ទោបង់ បន្សាត់បង់ លះបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវឧបក្កិលេសទាំងពួងនៃចិត្ត ហេតុនោះ (លោកពោលថា) បន្ទោបង់នូវឧបក្កិលេសទាំងពួង។
[៣៥៥] អធិប្បាយពាក្យថា ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ ត្រង់ពាក្យថា ជាអ្នកមិនអាស្រ័យ សេចក្តីថា ការអាស្រ័យមាន ២ គឺ ការអាស្រ័យគឺតណ្ហា ១ ការអាស្រ័យគឺទិដ្ឋិ ១។បេ។ នេះការអាស្រ័យគឺតណ្ហា។បេ។ នេះការអាស្រ័យគឺទិដ្ឋិ។ ពាក្យថា សេចក្តីស្នេហា បានដល់ស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។
ID: 637357974364187117
ទៅកាន់ទំព័រ៖