ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ទោសៈ បានដល់ការអាឃាត គំនុំ ការថ្នាំងថ្នាក់ ការអាក់អន់ ការក្រោធ ការក្រោធខ្លាំង ការកម្រើក ការប្រទូស្ត ការប្រទូស្តខ្លាំង ការក្តៅក្រហាយនៃចិត្ត សេចក្តីចង្អៀតចង្អល់នៃចិត្ត សេចក្តីប្រទូស្តនៃចិត្ត សេចក្តីក្រោធ អាការនៃសេចក្តីក្រោធ ភាពនៃសេចក្តីក្រោធ សេចក្តីប្រទូស្ត អាការនៃសេចក្តីប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត សេចក្តីចង្អៀតចង្អល់ អាការនៃសេចក្តីចង្អៀតចង្អល់ ភាពនៃសេចក្តីចង្អៀតចង្អល់ សេចក្តីខឹង ការថ្នាំងថ្នាក់ កាច ការពោលពាក្យមិនពីរោះ ភាពនៃចិត្តមិនត្រេកអរ។ ពាក្យថា ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ កាត់ កាត់ផ្តាច់ កាត់ចោល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវតណ្ហាស្នេហា ទិដ្ឋិស្នេហា និងទោសៈ មិនអាស្រ័យនូវចក្ខុ មិនអាស្រ័យនូវសោតៈ។បេ។ មិនអាស្រ័យ មិនផ្តេកផ្តិត មិនប្រកប មិនងប់ចិត្ត មិនចុះចិត្តស៊ប់ ងាកចេញ ដោះចេញ រួចស្រឡះ មិនប្រកបនូវធម្មារម្មណ៍ ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង មានចិត្តមិនសល់វល់ ហេតុនោះ (លោកពោលថា) ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ។
ID: 637357974675392179
ទៅកាន់ទំព័រ៖