ព្រះត្រៃបិដក ភាគ ៦៨

[៣៥៩​] បុគ្គល​ប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល មាន​ព្យាយាម​មាំ បរិបូណ៌​ដោយ​កំឡាំង​ចិត្ត​ និង​កំឡាំង​កាយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

 [៣៦០​] ពាក្យ​ថា ប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ដ៏​ឧត្តម សេចក្តី​ថា​ អមត​និ​ព្វា​ន ហៅថា​ ប្រយោជន៍​ដ៏​ឧត្តម បាន​ដល់​ការ​រំងាប់​សង្ខារ​ទាំងពួង ការ​លះបង់​នូវ​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា​ ការ​អស់​តម្រេក​ ការ​រលត់ និ​ព្វា​ន។ បុគ្គល​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ក្នុង​ការ​លះ​អកុសលធម៌​ ក្នុង​ការ​បំពេញ​កុសលធម៌​ ដើម្បី​ការ​ដល់ ការបាន​ ការ​បាន​ចំពោះ ការ​ត្រាស់​ដឹង​ ការ​ពាល់ត្រូវ ការ​ធ្វើឲ្យ​ជាក់​ច្បាស់​នូវ​ប្រយោជន៍​ដ៏​ឧត្តម គឺជា​អ្នកមាន​កំឡាំង​ចិត្ត​ មាន​សេចក្តី​ប្រឹងប្រែង​មាំ មិន​ដាក់ធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ ហេតុ​នោះ (លោក​ពោល​ថា​) ប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ដ៏​ឧត្តម។
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 637357975896885592
ទៅកាន់ទំព័រ៖