ព្រះត្រៃបិដក ភាគ ៦៨
ក្នុងវេលាក្រោយភត្តនេះ ក្នុងបឋមយាមនេះ ក្នុងមជ្ឈិមយាមនេះ ក្នុងបច្ឆិមយាមនេះ ក្នុងរនោចនេះ ក្នុងខ្នើតនេះ ក្នុងវស្សានរដូវនេះ ក្នុងហេមន្តរដូវនេះ ក្នុងគិម្ហរដូវនេះ ក្នុងចំណែកបឋមវ័យនេះ ក្នុងចំណែកមជ្ឈិមវ័យនេះ ក្នុងចំណែកបច្ឆិមវ័យនេះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។
[៣៦២] អធិប្បាយពាក្យថា មានព្យាយាមមាំ បរិបូណ៌ដោយកំឡាំងចិត្ត និងកំឡាំងកាយ ត្រង់ពាក្យថា មានព្យាយាមមាំ សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នកមានការសមាទានមាំ ក្នុងពួកកុសលធម៌ មានការសមាទានខ្ជាប់ខ្ជួន ក្នុងកាយសុចរិត ក្នុងវចីសុចរិត ក្នុងមនោសុចរិត ក្នុងការចែករលែក ក្នុងការសមាទានសីល ក្នុងការរក្សាឧបោសថ ក្នុងភាពជាអ្នកគោរពមាតា ក្នុងភាពជាអ្នកគោរពបិតា ក្នុងភាពជាអ្នកគោរពសមណៈ ក្នុងភាពជាអ្នកគោរពព្រាហ្មណ៍ ក្នុងសេចក្តីគោរពបុគ្គលជាច្បងក្នុងត្រកូល ក្នុងធម៌ទាំងឡាយ ជាអធិកុសលណាមួយ ហេតុនោះ (លោកពោលថា) មានព្យាយាមមាំ។
ID: 637357977368939314
ទៅកាន់ទំព័រ៖