ព្រះត្រៃបិដក ភាគ ៦៨

ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
បុគ្គល​ប្រាថ្នា​នូវ​ការ​អស់​តណ្ហា ជា​អ្នក​មិន​ប្រហែស​ មិន​ល្ងង់ខ្លៅ ជា​អ្នកចេះដឹង មានស្មារតី មានធម៌​ពិចារណា​ហើយ ជា​អ្នក​ទៀងទាត់ មាន​ព្យាយាម​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[៣៧១​] បុគ្គល​អ្នក​មិន​តក់ស្លុត ព្រោះ​សំឡេង​ទាំងឡាយ​ដូច​សីហៈ​ មិន​ជាប់​ក្នុង​ជាល​ដូច​ខ្យល់ មិន​ទទឹក​ដោយ​ទឹក​ដូច​ឈូក គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

 [៣៧២​] ពាក្យ​ថា បុគ្គល​មិន​តក់ស្លុត ព្រោះ​សំឡេង​ទាំងឡាយ ដូច​សីហៈ អធិប្បាយ​ថា​ សីហៈ​ជា​ស្តេចម្រឹគ មិន​តក់​ស្លុ​ត មិន​រន្ធត់ មិន​ញាប់ញ័រ មិន​ភ្ញាក់ផ្អើល​ មិន​ព្រឺ​ព្រួច មិន​រំភើប​ មិន​ខ្លាច មិន​ភិតភ័យ មិន​ស្ញប់ស្ញែង មិន​រត់ ព្រោះ​សំឡេង​ទាំងឡាយ យ៉ាងណា​មិញ​ ឯព្រះ​បច្ចេក​សម្ពុទ្ធ​ ក៏​មិន​តក់ស្លុត មិន​រន្ធត់ មិន​ញាប់ញ័រ មិន​ភ្ញាក់ផ្អើល​ មិន​ព្រឺ​ព្រួច មិន​រំភើប​ មិន​ខ្លាច មិន​ភិតភ័យ មិន​ស្ញប់ស្ញែង មិន​រត់ លះ​ភ័យ​គួរខ្លាច មិន​ព្រឺ​រោម ព្រោះ​សំឡេង​ទាំងឡាយ​ ក៏​យ៉ាងនោះ​ដែរ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​មិន​តក់ស្លុត ព្រោះ​សំឡេង​ទាំងឡាយ ដូច​សីហៈ។
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 637357980580611487
ទៅកាន់ទំព័រ៖