ព្រះត្រៃបិដក ភាគ ៦៨
មានបញ្ញាជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញី នូវសត្វទាំងពួងដោយបញ្ញា ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) សីហៈជាស្តេចម្រឹគ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង យ៉ាងណា។
[៣៧៧] ពាក្យថា សេពនូវសេនាសនៈដ៏ស្ងាត់ អធិប្បាយថា សីហៈជាស្តេចម្រឹគ ចូលកាន់ព្រៃតូច ព្រៃធំ ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ យ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏សេពព្រៃតូច ព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ មិនមានសំឡេង មិនមានសូរគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈរបស់ជន ជាទីស្ងាត់របស់មនុស្ស គួរដល់ការពួនសម្ងំ យ៉ាងនោះដែរ។ ព្រះបច្ចេកសម្ពុទ្ធនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង សិងម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង គង់នៅក្នុងទីស្ងាត់ម្នាក់ឯង
ID: 637357981953306741
ទៅកាន់ទំព័រ៖