ព្រះត្រៃបិដក ភាគ ៦៨
[៣៨១] បុគ្គលលះរាគៈ ទោសៈ និងមោហៈ ទំលាយនូវសញ្ញោជនៈទាំងឡាយ មិនតក់ស្លុត ក្នុងការអស់ជីវិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៨២] អធិប្បាយពាក្យថា លះរាគៈ ទោសៈ និងមោហៈ ត្រង់ពាក្យថា រាគៈ បានដល់ការត្រេកអរ ការត្រេកអរខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ទោសៈ បានដល់ ការគុំគួននៃចិត្ត។បេ។ ចិត្តកាច ការពោលពាក្យមិនពីរោះ ភាពនៃចិត្តមិនត្រេកអរ។ ពាក្យថា មោហៈ បានដល់ការមិនដឹងទុក្ខ។បេ។ សន្ទះ គឺអវិជា្ជ មោហៈ អកុសលមូល។ ពាក្យថា លះរាគៈ ទោសៈ និងមោហៈ បានសេចក្តីថា ព្រះបច្ចេកសម្ពុទ្ធនោះ លះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវរាគៈ ទោសៈ និងមោហៈ ហេតុនោះ (លោកពោលថា) លះរាគៈ ទោសៈ និងមោហៈ។
ID: 637357983512626318
ទៅកាន់ទំព័រ៖