ព្រះត្រៃបិដក ភាគ ៦៨
[៣៨៧] ពាក្យថា មិត្តថ្មីទាំងឡាយដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ អធិប្បាយថា មិត្តមាន ២ ពួក គឺ អាគារិកមិត្ត ១ អនាគារិកមិត្ត ១។បេ។ នេះ អាគារិកមិត្ត។បេ។ នេះ អនាគារិកមិត្ត។ ពាក្យថា មិត្តថ្មីទាំងឡាយដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ បានសេចក្តីថា មិត្តទាំងពីរប្រភេទនេះ ដែលមិនមានការណ៍ មិនមានហេតុ មិនមានបច្ច័យ គេរកបានដោយក្រ ហេតុនោះ (លោកពោលថា) មិត្តថ្មីទាំងឡាយ ដែលឥតត្រូវការណ៍ គេពុំងាយនឹងរកបានទេ។
[៣៨៨] អធិប្បាយពាក្យថា មនុស្សទាំងឡាយដែលមិនស្អាត ជាអ្នកយល់ប្រយោជន៍របស់ខ្លួន ត្រង់ពាក្យថា ជាអ្នកយល់ប្រយោជន៍របស់ខ្លួន គឺ ពួកមនុស្សមិនស្អាត តែងគប់រក សមគប់ សេពគប់ រាប់រក អែប នែប អែបជិត ចូលទៅរក ចូលទៅអង្គុយជិត សាកសួរ ដោះសា ព្រោះតែប្រយោជន៍របស់ខ្លួន ព្រោះតែហេតុរបស់ខ្លួន ព្រោះតែបច្ច័យរបស់ខ្លួន ព្រោះតែការណ៍របស់ខ្លួន ហេតុនោះ (លោកពោលថា) ជាអ្នកយល់ប្រយោជន៍របស់ខ្លួន។
ID: 637357984656113458
ទៅកាន់ទំព័រ៖