ព្រះត្រៃបិដក ភាគ ៦៨

 [៦០​] អធិប្បាយ​ពាក្យ​ថា ព្រះអង្គ​មាន​ចក្ខុ ទ្រង់​មិនទាន់​ដោះស្រាយ​ចំពោះ​ខ្ញុំ​ព្រះ​អង្គ​នៅឡើយ​ ត្រង់​ពាក្យ​ថា មិនទាន់​ដោះស្រាយ​ចំពោះ​ខ្ញុំ​ព្រះអង្គ គឺ​មិនទាន់​ប្រាប់​ មិនទាន់​សំដែង មិនទាន់​បញ្ញត្ត មិនទាន់​តាំង​ទុក មិនទាន់​បើក មិនទាន់​ចែក មិនទាន់​ធ្វើឲ្យ​ងាយ​ មិនទាន់​ប្រកាស​ដល់​ខ្ញុំ​ព្រះអង្គ។ ពាក្យ​ថា មាន​ចក្ខុ គឺ​ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​ចក្ខុ​ ៥ គឺ មាន​ចក្ខុ​ដោយ​មំសចក្ខុ​ ១ មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ​ ១ មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ​ ១ មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ​ ១ មាន​ចក្ខុ​ដោ​យស​មន្ដ​ចក្ខុ​ ១។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​មំសចក្ខុ​ តើ​ដូចម្ដេច​។ ក្នុង​មំសចក្ខុ​របស់​ព្រះមានព្រះភាគ​ មាន​សម្បុរ ៥ គឺ​សម្បុរ​ខៀរ​ ១ សម្បុរ​លឿង ១ សម្បុរ​ក្រហម ១ សម្បុរ​ខ្មៅ ១ សម្បុរស​ ១។ ទីណា​ដែល​មាន​រោម​ព្រះនេត្រ​ប្រតិ​ស្ឋា​ននៅ ទីនោះ​ឯង​មាន​សម្បុរ​ខៀវ​ ខៀវស្រស់ គួរ​ជ្រះថ្លា គួរ​ក្រឡេក​មើល ជាទី​ដូច​ផ្កាត្រកៀត។ ទី​ខាងនាយ​អំពី​នោះ មាន​សម្បុរ​លឿង​ លឿង​ស្រស់ មាន​សម្បុរ​ដូច​មាស គួរ​ជ្រះថ្លា គួរ​ក្រឡេក​មើល ជាទី​ដូច​ផ្កា​កណ្ណិ​ការ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637356970596286749
ទៅកាន់ទំព័រ៖