ព្រះត្រៃបិដក ភាគ ៦៨
មួយទៀត រណ្ដៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមច្រាល គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចសម្បុរមេភ្លៀង។ ទីត្រង់កណ្ដាល មានសម្បុរខ្មៅ ខ្មៅស្រស់ មិនសៅហ្មង ស្និទ្ធគួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចសម្បុរផ្លែផ្គាំ។ ទីខាងនាយពីនោះ មានសម្បុរស សភ្លឹង សស្រស់ សថ្លា គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាយព្រឹក។ ហេតុនោះ បានជាព្រះមានព្រះភាគតែងទតឃើញមួយយោជន៍ដោយជុំវិញ ទាំងថ្ងៃទាំងយប់ ដោយមំសចក្ខុធម្មតា ដែលរាប់បញ្ចូលក្នុងអត្តភាព កើតដោយផលនៃសុចរិតកម្មក្នុងកាលមុន។ សូម្បីក្នុងកាលណា ដែលមានងងឹតប្រកបដោយអង្គបួន គឺព្រះអាទិត្យអស្ដង្គត ១ ឧបោសថខាងកាឡបក្ខ ១ ដងព្រៃយ៉ាងក្រាស់ជិត ១ មហាអកាលមេឃ (ភ្លៀងធំខុសកាល) ប្រាកដឡើង ១ ក្នុងកាលនោះ ព្រះមានព្រះភាគទតឃើញមួយយោជន៍ដោយជុំវិញ ក្នុងទីងងឹត ប្រកបដោយអង្គបួន មានសភាពយ៉ាងនេះ។ ផ្ទះកំពូលក្តី សន្លឹកទ្វារក្ដី កំពែងក្ដី ភ្នំក្ដី គុម្ពឈើក្ដី វល្លិក្ដី ជាគ្រឿងរារាំងនូវការឃើញរូបនោះ មិនមានឡើយ។
ID: 637356971000400977
ទៅកាន់ទំព័រ៖