ព្រះត្រៃបិដក ភាគ ៦៨
ឃើញលោកធាតុចំនួន ៣ ពាន់ ក៏បាន ឃើញលោកធាតុមានពាន់ដ៏ច្រើន ក៏បាន។ មិនតែប៉ុណ្ណោះ ព្រះមានព្រះភាគមានប្រាថ្នា (នឹងឃើញ) ត្រឹមណា គប្បីឃើញាបានត្រឹមណោះ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគទ្រង់មានចក្ខុដោយទិព្វចក្ខុយ៉ាងនេះឯង។
ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់មានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាមោះមុត មានប្រាជ្ញាជាគ្រឿងទំលាយកិលេស ទ្រង់ឈ្លាសក្នុងប្រភេទនៃប្រាជ្ញា ទ្រង់បែកព្រះញាណ ទ្រង់បានបដិសម្ភិទា ទ្រង់សម្រេចចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរសប្រសើរ ជាបុរសអង់អាច ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសនាំទៅនូវធុរៈ ជាអនន្ដញ្ញាណ មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ទ្រង់ស្តុកស្ដម្ភ មានទ្រព្យច្រើន មានធនធាន ទ្រង់ដឹកនាំ ទ្រង់ទូន្មាន ប្រៀនប្រដៅ ទ្រង់ពន្យល់ ទ្រង់ដឹកនាំឲ្យគិតគូរ ទ្រង់ឲ្យគយគន់ ទ្រង់ធើ្វឲ្យជ្រះថ្លា។
ID: 637356971757998439
ទៅកាន់ទំព័រ៖