ព្រះត្រៃបិដក ភាគ ៦៨
ព្រះមានព្រះភាគ តែងជ្រាបអាសយធម៌ ជ្រាបអនុសយធម៌ ជ្រាបចរិត ជ្រាបអធិមុត្តិនៃពួកសត្វទាំងពួង តែងជ្រាបពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ជាសត្វឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ ជាសត្វមានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ក៏រមែងវិលនៅតែខាងក្នុងពុទ្ធញ្ញាណ។ ដូចហ្វូងត្រី និងអណ្តើកណាមួយ ដោយហោចទៅ ទោះបីត្រីឈ្មោះតិមិ និងត្រីឈ្មោះតិមិង្គលៈ រមែងវិលនៅតែខាងក្នុងមហាសមុទ្រយ៉ាងណា លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ក៏រមែងវិលនៅតែខាងក្នុងពុទ្ធញ្ញាណ យ៉ាងនោះឯង។ ដូចពួកបក្សីណាមួយ ដោយហោចទៅ សូម្បីគ្រុឌឈ្មោះវេនតេយ្យៈ តែងវិលនៅតែក្នុងប្រទេសនៃអាកាស យ៉ាងណាមិញ ពួកជនណាដែលមានប្រាជ្ញាស្មើដោយប្រាជ្ញារបស់ព្រះសារីបុត្ត សូម្បីពួកជនទាំងនោះ ក៏រមែងវិលនៅតែខាងក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះឯង
ID: 637356973075510440
ទៅកាន់ទំព័រ៖