ព្រះត្រៃបិដក ភាគ ៦៨
ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយសមន្តចក្ខុ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយដល់ខ្ញុំព្រះអង្គនៅឡើយ។
[៦១] ពាក្យថា ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន អធិប្បាយថា ខ្ញុំព្រះអង្គបានរៀនមកយ៉ាងនេះ ខ្ញុំព្រះអង្គបានចាំទុកមកយ៉ាងនេះ ខ្ញុំព្រះអង្គបានកំណត់ទុកមកយ៉ាងនេះថា ព្រះពុទ្ធដែលគេសួរប្រស្នាប្រកបដោយធម៌ ត្រឹមវារៈជាគំរប់ ៣ តែងទ្រង់ព្យាករ មិនទើសទាល់។ ពាក្យថា ព្រះអង្គជាទេវឫសី គឺព្រះមានព្រះភាគ ឈ្មោះថាទេវឫសី ព្រោះហេតុទ្រង់ជាវិសុទ្ធិទេពផង ជាឫសីផង។ ដូចពួករាជបព្វជិត គេហៅថា រាជឫសី ពួកព្រាហ្មណបព្វជិត គេហៅថា ព្រាហ្មណឫសី យ៉ាងណាមិញ ព្រះមានព្រះភាគ ឈ្មោះថាទេវឫសី ព្រោះហេតុទ្រង់ជាវិសុទ្ធិទេពផង ជាឫសីផង ក៏យ៉ាងនោះដែរ។ មួយទៀត ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះហេតុទ្រង់ជាបព្វជិត ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែង នូវសីលក្ខន្ធដ៏ធំ ដូច្នេះក៏បាន។
ID: 637356974776509488
ទៅកាន់ទំព័រ៖