ព្រះត្រៃបិដក ភាគ ៦៨

 [៧១​] ពាក្យ​ថា មច្ចុរាជ​ទើប​មិនឃើញ គឺ​មច្ចុរាជ​ទើប​មិនឃើញ មិន​យល់ មិន​ជួប​ប្រទះ មិនបាន មិនបាន​ចំពោះ​ ហេតុ​នោះ (លោក​ពោល​ថា​) មច្ចុរាជ​ទើប​មិនឃើញ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់ (ដើម្បី​ទូល​សួរ​) ចំពោះ​ព្រះអង្គ ទ្រង់​ឃើញ​វិសេស​យ៉ាងនេះ​ ចុះ​បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​ប្រការ​ដូចម្ដេច​ មច្ចុរាជ​ទើប​មិនឃើញ។
[៧២​] (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា​) ម្នាល​មោឃ​រាជ អ្នក​ចូរ​មានស្មារតី​គ្រប់​កាល​ សំឡឹង​ឃើញ​លោក​ដោយ​សភាព​ជា​របស់​សូន្យ (ព្រោះ​) បុគ្គល​ដក​អត្តា​នុ​ទិដ្ឋិ​ចេញ ទើប​ឆ្លងផុត​ចាក​មច្ចុ បុគ្គល​សំឡឹង​ឃើញ​លោក យ៉ាងនេះ​ មច្ចុរាជ​ទើប​មិនឃើញ។

 [៧៣​] អធិប្បាយ​ពាក្យ​ថា អ្នក​ចូរ​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ ត្រង់​ពាក្យ​ថា​ លោក បាន​ដល់ និរយ​លោក​ តិរច្ឆាន​លោក បិ​ត្តិ​វិ​សយលោក មនុស្សលោក​ ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតន​លោក លោក​នេះ លោក​ដទៃ ព្រហ្មលោក​ ព្រមទាំង​ទេវលោក។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637356977115715247
ទៅកាន់ទំព័រ៖