ព្រះត្រៃបិដក ភាគ ៦៨
ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ តែងត្រាស់ថា លោក លោក ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន សភាវៈដែលហៅថា លោក តើមានកំណត់ដូចម្ដេច។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ សភាវៈដែលហៅថា លោក ព្រោះហេតុវិនាស។ អី្វតែងវិនាស។ ចក្ខុតែងវិនាស ពួករូបតែងវិនាស ចក្ខុវិញ្ញាណតែងវិនាស ចក្ខុសម្ផស្សតែងវិនាស ធម្មជាតណាមួយ ដែលបុគ្គលទទួល ជាសុខ ឬទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ រមែងកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ធម្មជាតនោះ តែងវិនាសទៅ ត្រចៀកតែងវិនាស ពួកសំឡេងតែងវិនាស ច្រមុះតែងវិនាស ពួកក្លិនតែងវិនាស អណ្ដាតតែងវិនាស ពួករសតែងវិនាស កាយតែងវិនាស ពួកផ្សព្វតែងវិនាស ចិត្តតែងវិនាស ពួកធម្មារម្មណ៍តែងវិនាស មនោវិញ្ញាណតែងវិនាស មនោសម្ផស្សតែងវិនាស ធម្មជាតណាមួយ ដែលបុគ្គលទទួល ជាសុខ ឬទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ធម្មជាតនោះ រមែងវិនាស ម្នាលភិក្ខុ ហេតុនោះ សភាវៈដែលហៅថា លោក ព្រោះហេតុវិនាស ដូច្នេះឯង។
ID: 637356977454977429
ទៅកាន់ទំព័រ៖