ព្រះត្រៃបិដក ភាគ ៦៨
ឬថា ការមកដោយប្រស្នា មានដល់ព្រះអង្គៗ ជាបុគ្គលអាច ជាបុគ្គលមានព្យាយាម ជាបុគ្គលល្មមដើម្បីសួរ សំដែង ដោះស្រាយ ពន្យល់ ពោល ជាមួយនឹងខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមក យ៉ាងនេះក៏បាន។
[៦] ពាក្យថា សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ សេចក្ដីថា អរហត្តវិមោក្ខ លោកហៅថា អញ្ញាវិមោក្ខ។ សូមព្រះអង្គសំដែង ប្រាប់ ពន្យល់ ប្រញ័ប្ត តាំងផ្ដើម បើក ចែក ធើ្វឲ្យងាយ ប្រកាសនូវអរហត្តវិមោក្ខ ហេតុនោះ (លោកពោលថា) សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ។
[៧] ពាក្យថា ជាគ្រឿងទម្លាយអវិជ្ជា គឺជាគ្រឿងបំបែក ទម្លាយ លះបង់ រំងាប់ លះចោល កម្ចាត់បង់នូវអវិជ្ជា គឺអមតនិពា្វន ហេតុនោះ (លោកពោលថា) ជាគ្រឿងទម្លាយអវិជ្ជា។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលហើយថា
(ឧទយៈមានអាយុ ក្រាបទូលដូច្នេះថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកមានឈាន មានព្រះសន្ដានប្រាសចាកធូលី ទ្រង់គង់នៅ ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។
ID: 637356946014446441
ទៅកាន់ទំព័រ៖