ព្រះត្រៃបិដក ភាគ ៦៨

មួយទៀត ដូច​ក្រពេញ​ទឹក ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម​ ប្រាសចាក​ខ្លឹម​ យ៉ាងណាមិញ ឬដូច​ដើមចេក​ ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម យ៉ាងណាមិញ មួយទៀត ដូច​ថ្ងៃ​បណ្ដើរកូន ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម​ យ៉ាងណាមិញ រូប​ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម​ ប្រាស​ចាក​ខ្លឹម ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​ទៀង​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​សុខ​ក្តី​ ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​របស់​ខ្លួន​ក្តី ដោយ​ភាពជា​របស់​ទៀង​ក្តី​ យឺនយូរ​ក្តី ឋិតថេរ​ក្តី មិន​ប្រែប្រួល​ជា​ធម្មតា​ក្តី វេទនា​ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម សញ្ញា​ជា​របស់​មិន​មាន​ខ្លឹម​ ឥត​ខ្លឹម ប្រាសចាក​ខ្លឹម សង្ខារ​ទាំងឡាយ ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាស​ចាក​ខ្លឹម​ វិញ្ញាណ​ជា​របស់​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​ទៀង​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​សុខ​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម​ គឺ​របស់​ខ្លួន​ក្តី​ ដោយ​ភាពជា​របស់​ទៀង​ក្តី​ យឺនយូរ​ក្តី​ ឋិតថេរ​ក្តី មិន​ប្រែប្រួល​ជា​ធម្មតា​ក្តី ក៏​យ៉ាងនោះ​ដែរ។ បុគ្គល​សំឡឹង​ឃើញ​លោក​ ដោយ​សភាព​ជា​របស់​សូន្យ ដោយ​អំណាច​ការ​ពិ​ចារ​ណា​រឿយ​ៗ នូវ​សង្ខារ​ថា​ ជា​របស់​ទទេ យ៉ាងនេះ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជា​របស់​សូន្យ​ ដោយហេតុ​ពីរ​ប្រការ​នេះឯង។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637356979825124664
ទៅកាន់ទំព័រ៖