ព្រះត្រៃបិដក ភាគ ៦៨
ពួកអ្នកចូរលះបង់រូបនោះ រូបនោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ វេទនាមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់វេទនានោះ វេទនានោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់សញ្ញានោះ សញ្ញានោះ ដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់សង្ខារទាំងនោះ សង្ខារទាំងនោះ ដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍បានសេចក្តីសុខ អស់កាលយូរ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនជារបស់ពួកអ្នក ពួកអ្នកចូរលះបង់វិញ្ញាណនោះ វិញ្ញាណនោះដែលពួកអ្នកលះបង់ហើយ នឹងបានជាប្រយោជន៍ បានសេចក្តីសុខ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកសំគាល់ហេតុនោះថាដូចម្ដេច ស្មៅ ឈើ មែកឈើ ស្លឹកឈើណា ក្នុងវត្តជេតពននេះ ជនគប្បីនាំទៅក្តី ដុតក្តី ធ្វើឲ្យគួរតាមបច្ច័យក្តី នូវរបស់នោះ តើពួកអ្នកគិតយ៉ាងនេះថា ជននាំទៅក្តី ដុតក្តី ធ្វើឲ្យគួរតាមបច្ច័យក្តី នូវពួកយើងដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនោះ មិនដូច្នោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។
ID: 637356980860882741
ទៅកាន់ទំព័រ៖