ព្រះត្រៃបិដក ភាគ ៦៨

បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន (ព្រោះថា​) ខ្លួន​ក្តី របស់​សម្រាប់​ខ្លួន​ក្តី មិនមែន​ជា​របស់​ពួក​ខ្ញុំ​ព្រះអង្គ​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​នេះ ពិត​យ៉ាងនេះ​ហើយ របស់​ណា​មិនមែន​ជា​របស់​ពួក​អ្នក​ទេ​ ​ពួក​អ្នក​ចូរ​លះបង់​របស់​នោះ របស់​នោះ​ដែល​​ពួក​អ្នក​លះបង់​ហើយ​ នឹង​បាន​ជា​ប្រយោជន៍​ បាន​សេចក្តី​សុខ​អស់​កាលយូរ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់​អ្វី​ដែល​មិនមែន​ជា​របស់​ពួក​អ្នក​ ម្នាល​ភិក្ខុ​ទាំងឡាយ រូប​មិនមែន​ជា​របស់​ពួក​អ្នក​ ​ពួក​អ្នក​ចូរ​លះបង់​រូប​នោះ​ រូប​នោះ​ដែល​ពួក​អ្នក​លះបង់​ហើយ នឹង​បាន​ជា​ប្រយោជន៍ បាន​សេចក្តី​សុខ​អស់​កាលយូរ ម្នាល​ភិក្ខុ​ទាំងឡាយ​ វេទនា​ សញ្ញា សង្ខារ​ វិញ្ញាណ មិន​មែ​នជា​របស់​ពួក​អ្នក​ ​ពួក​អ្នក​ចូរ​លះបង់​វេទនា សញ្ញា សង្ខារ វិញ្ញាណ​នោះ វេទនា សញ្ញា សង្ខារ វិញ្ញាណ​នោះ​ ដែល​ពួក​អ្នក​លះបង់​ហើយ នឹង​បាន​ជា​ប្រយោជន៍ បាន​សេចក្តី​សុខ​អស់​កាល​យូរ។ បុគ្គល​សំឡឹង​ឃើញ​លោក​ ដោយ​សភាព​ជា​របស់​សូន្យ យ៉ាងនេះ​ឯង។
 ព្រះ​អានន្ទ​មាន​អាយុ បាន​ទូល​សួរ​ព្រះមានព្រះភាគ​ យ៉ាងនេះ​ថា​ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ព្រះមានព្រះភាគ​ត្រាស់​ថា​ លោក​សូន្យ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះអង្គ​ទ្រង់​ត្រាស់​ថា លោក​សូន្យ​ តើ​ដោយ​ហេតុ​ដូចម្ដេច។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637356981221709730
ទៅកាន់ទំព័រ៖