ព្រះត្រៃបិដក ភាគ ៦៨
[៨] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលឧទយៈ តថាគតសំដែងថា ការលះនូវអកុសលធម៌ទាំងពីរ គឺកាមច្ឆន្ទៈ និងទោមនស្សផង ការបន្ទោបង់ចិត្តរួញរាផង ការហាមឃាត់កុក្កុច្ចៈទាំងឡាយផង (ជាអញ្ញាវិមោក្ខ)។
[៩] ពាក្យថា ការលះកាមច្ឆន្ទៈ ត្រង់ពាក្យថា ឆន្ទៈ បានដល់សេចក្តីពេញចិត្តចំពោះកាម សេចក្តីត្រេកត្រអាលចំពោះកាម សេចក្តីរីករាយចំពោះកាម សេចក្តីប្រាថ្នាក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម សេចក្តីជ្រប់ក្នុងកាម សេចក្តីងប់ក្នុងកាម ឱឃៈគឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈក្នុងកាមទាំងឡាយ។ ពាក្យថា ការលះកាមច្ឆន្ទៈ គឺការលះ ការរំងាប់ ការលះបង់ ការកម្ចាត់បង់កាមច្ឆន្ទៈ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការលះកាមច្ឆន្ទៈ។ ពាក្យថា ឧទយៈ ក្នុងបទថា ព្រះមានព្រះភាគ (ត្រាស់ថា) ម្នាលឧទយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះដោយឈ្មោះ។ ត្រង់ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យនិយាយដោយគោរព។បេ។ បញ្ញត្តិថា មានព្រះភាគនេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧទយៈ។
ID: 637356946390573222
ទៅកាន់ទំព័រ៖