ព្រះត្រៃបិដក ភាគ ៦៨
បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនៃអត្តានុទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដកអត្តានុទិដ្ឋិចេញ។
[៧៦] ពាក្យថា ទើបឆ្លងផុតចាកមច្ចុយ៉ាងនេះ គឺនឹងឆ្លងចាកមច្ចុផង ឆ្លងចាកជរាផង ឆ្លង ឆ្លងឡើង ឆ្លងរំលង ប្រព្រឹត្តកន្លងមរណៈផង យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទើបឆ្លងផុតចាកមច្ចុ យ៉ាងនេះ។
[៧៧] ពាក្យថា បុគ្គលសំឡឹងឃើញនូវលោកយ៉ាងនេះ គឺបុគ្គលកំពុងសំឡឹងមើល ពិចារណា ប្រៀបផ្ទឹម ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដនូវលោក យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលសំឡឹងឃើញលោក យ៉ាងនេះ។
[៧៨] ពាក្យថា មច្ចុរាជទើបមិនឃើញ អធិប្បាយថា មារ ឈ្មោះថាមច្ចុរាជ សេចក្តីស្លាប់ ឈ្មោះថា មច្ចុរាជ។ ពាក្យថា មិនឃើញ គឺមច្ចុរាជមិនឃើញ មិនយល់ មិនជួបប្រទះ មិនបាន មិនបានចំពោះ។ ដូចព្រះពុទ្ធដីកាដែលព្រះមានព្រះភាគត្រាស់ហើយនេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្រឹគដែលនៅក្នុងព្រៃ ត្រាច់ទៅក្នុងព្រៃធំ រមែងដើរឥតរង្កៀស ឈរឥតរង្កៀស អង្គុយឥតរង្កៀស ដេកឥតរង្កៀស
ID: 637356983287911781
ទៅកាន់ទំព័រ៖