ព្រះត្រៃបិដក ភាគ ៦៨

ដំណើរ​នោះ ព្រោះ​ហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ម្រឹគ​នុ៎ះ​ មិន​នៅក្នុង​គន្លង​របស់​ព្រាន​ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ហើយ​ចូល​បឋមជ្ឈាន ដែល​មាន​វិតក្កៈ​ និ​ងវិ​ចា​រៈ​ មាន​បីតិ​ និ​ងសុខ ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះ តថាគត​ហៅថា​ បាន​ធ្វើ​មារ​ឲ្យ​ខ្វាក់​ សម្លាប់​មិន​ឲ្យ​មានស្នាម​ជើង ដល់​នូវ​ការ​មិន​ឃើញ​ដោយ​ភ្នែក​នៃ​មារ​ដែល​មានចិត្ត​បាប​ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ព្រោះ​រម្ងាប់​វិតក្កៈ​ និ​ងវិចារៈ ចូល​ទុតិយជ្ឈាន​ ជា​ធម្មជាត​កើតមាន​ក្នុង​សន្ដាន ប្រកបដោយ​សេចក្តី​ជ្រះថ្លា មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ មិន​មាន​វិតក្កៈ​ និង​វិចារៈ មានតែ​បីតិ​ និ​ងសុខ​ដែល​កើត​អំពី​សមាធិ ចូល​តតិយជ្ឈាន​ ចតុត្ថជ្ឈាន ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​នេះ តថាគត​ហៅថា បាន​ធ្វើ​នូវ​មារ​ឲ្យ​ខ្វាក់ សម្លាប់​មិន​ឲ្យ​មានស្នាម​ជើង​ ដល់​នូវ​ការ​មិនឃើញ​ដោយ​ភ្នែក​នៃ​មារ​ដែល​មានចិត្ត​បាប ម្នាល​ភិក្ខុ​ទាំងឡាយ​ មួយទៀត​ ភិក្ខុ​ព្រោះ​កន្លង​រូបសញ្ញា​ដោយសព្វគ្រប់​ ធ្វើ​បដិឃ​សញ្ញា​ឲ្យ​វិនាស​ មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ហើយ​ចូល​អាកាសានញ្ចាយតនៈ​ដោយ​បរិកម្ម​ថា អាកាស​មិន​មាន​ទីបំផុត ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​នេះ តថាគត​ហៅថា បាន​ធ្វើ​មារ​ឲ្យ​ខ្វាក់​ សម្លាប់​មិន​ឲ្យ​មានស្នាម​ជើង​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637356983638894260
ទៅកាន់ទំព័រ៖