ព្រះត្រៃបិដក ភាគ ៦៨
ដល់នូវការមិនឃើញដោយភ្នែកនៃមារដែលមានចិត្តបាប ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុកន្លងអាកាសានញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលវិញ្ញាណញ្ចាយតនៈដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត កន្លងវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលអាកិញ្ចញ្ញាយតនៈដោយបរិកម្មថា អ្វីតិចតួចមិនមាន កន្លងអាកិញ្ចញ្ញាយតនៈដោយសព្វគ្រប់ ហើយចូលនេវសញ្ញានាសញ្ញាយតនៈ កន្លងនេវសញ្ញានាសញ្ញាយតនៈដោយសព្វគ្រប់ ហើយចូលសញ្ញាវេទយិតនិរោធ លុះភិក្ខុនោះបានឃើញដោយប្រាជ្ញា អាសវៈទាំងឡាយក៏អស់រលីង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ សម្លាប់មិនឲ្យមានស្នាមជើង ដល់នូវការមិនឃើញដោយភ្នែកនៃមារដែលមានចិត្តបាប ឆ្លងតណ្ហាឈ្មោះវិសត្តិកាក្នុងលោកបាន ភិក្ខុនោះ រមែងដើរឥតរង្កៀស ឈរឥតរង្កៀស អង្គុយឥតរង្កៀស ដេកឥតរង្កៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះមិននៅក្នុងគន្លងរបស់មារមានចិត្តបាប ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) មច្ចុរាជ ទើបមិនឃើញ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637356983941745517
ទៅកាន់ទំព័រ៖