ព្រះត្រៃបិដក ភាគ ៦៨
បិង្គិយមាណវកប្បញ្ហានិទេ្ទស ទី១៦
[៧៩] (បិង្គិយៈមានអាយុ ក្រាបទូលដូច្នេះថា) ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកំឡាំងខ្សោយ ប្រាសចាកសម្បុរ ទាំងភ្នែកក៏មិនស្អាត ការស្ដាប់(១) ក៏មិនស្រួល សូមកុំឲ្យខ្ញុំព្រះអង្គជាបុគ្គលវង្វេង ខូចក្នុងចន្លោះឡើយ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជាគ្រឿងលះបង់ជាតិ និងជរា ក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌នោះឲ្យទាន។
[៨០] ពាក្យថា ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកំឡាំងខ្សោយ ប្រាសចាកសម្បុរ គឺជាមនុស្សគ្រាំគ្រាចម្រើនហើយ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានវ័យដល់ហើយតាមលំដាប់ មានអាយុ ១២០ ឆ្នាំ អំពីកំណើត។ ពាក្យថា មានកំឡាំងខ្សោយ គឺមានកំឡាំងថយ មានកំឡាំងកាយតិច មានកំឡាំងចិត្តតិច។ ពាក្យថា ប្រាសចាកសម្បុរ គឺប្រាសចាកសម្បុរ បាត់សម្បុរ ពន្លឺសម្បុរដ៏ល្អណា មានក្នុងកាលមុន ពន្លឺសម្បុរដ៏ល្អនោះ បាត់ទៅ ទោសក៏កើតប្រាកដ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកំឡាំងខ្សោយ ប្រាសចាកសម្បុរ។ ពាក្យថា បិង្គិយៈមានអាយុក្រាបទូលដូច្នេះ ត្រង់ពាក្យថា ដូច្នេះ គឺជាការតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។
(១) ត្រចៀក
ID: 637356984896399003
ទៅកាន់ទំព័រ៖