ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ចូរជាបុគ្គលមិនប្រហែស គឺធើ្វដោយគោរព ធ្វើឲ្យរឿយៗ។បេ។ មិនប្រហែសក្នុងកុសលធម៌ទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ ហេតុនោះ អ្នកចូរជាបុគ្គលមិនប្រហែស។
[៨៩] អធិប្បាយពាក្យថា ចូរលះបង់រូប ដើម្បីការមិនកើតទៀត ត្រង់ពាក្យថា រូប បានដល់មហាភូតរូប ៤ និងរូបអាស្រ័យមហាភូតរូប ៤។ ពាក្យថា ចូរលះបង់រូប គឺចូរលះបង់រូប ចូរចោលរូប ចូរបន្ទោបង់រូប ចូរធើ្វឲ្យវិនាសរូប ចូរឲ្យរូបវិនាស ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់រូប។ ពាក្យថា ដើម្បីការមិនឲ្យកើតទៀត អធិប្បាយថា រូបរបស់អ្នក គប្បីរលត់ក្នុងភពនេះ យ៉ាងណា បដិសន្ធិភព មិនគប្បីកើតទៀត ក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី ក្នុងកាមភពក្តី ក្នុងរូបភពក្តី ក្នុងអរូបភពក្តី ក្នុងសញ្ញាភពក្តី ក្នុងអសញ្ញាភពក្តី ក្នុងនេវសញ្ញានាសញ្ញាភពក្តី ក្នុងឯកវោការភពក្តី ក្នុងចតុវោការភពក្តី ក្នុងបញ្ចវោការភពក្តី គឺមិនគប្បីកើត មិនគប្បីបង្កើត មិនគប្បីកកើត មិនគប្បីកើតចំពោះទៀត ក្នុងគតិក្តី ក្នុងឧបបត្តិក្តី ក្នុងបដិសន្ធិក្តី ក្នុងសំសារក្តី ក្នុងវដ្តៈក្តី គឺថា គប្បីរលត់ ស្ងប់រម្ងាប់ ដល់នូវការតាំងនៅមិនបាន
ID: 637356988950981086
ទៅកាន់ទំព័រ៖