ព្រះត្រៃបិដក ភាគ ៦៨

គឺ​ការ​លះបង់ ការ​រម្ងាប់​បង់ ការ​រលាស់ចោល ការ​រម្ងាប់​នូវ​ជាតិ​ ជរា​ និ​ងមរណៈ គឺ​អមត​និពា្វន​ ក្នុង​ទីនេះ​ឯង ហេតុ​នោះ (លោក​ពោល​ថា​) ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា​ក្នុង​ទីនេះ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ ពោល​ថា​
ទិស​ទាំង ១០ នេះ គឺ​ទិសធំ ៤ ទិសតូច ៤ ទិស​ខាងលើ ១ ទិស​ខាងក្រោម​ ១ របស់​អ្វី​បន្តិចបន្តួច ឈ្មោះថា​ ព្រះអង្គ​មិនធ្លាប់​ឃើញ​ មិនធ្លាប់​ឮ មិនធ្លាប់​ប៉ះពាល់ មិន​មាន​ទេ មួយទៀត របស់​អ្វី​បន្តិចបន្តួច​ក្នុង​លោក​ ឈ្មោះថា​ ព្រះអង្គ​មិនធ្លាប់​ជ្រាប​ មិន​មាន​ទេ ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា ដែល​ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ​ឲ្យ​ទាន។
[៩៤​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នា​លបិង្គិយៈ​) អ្នក​កាលបើ​សំឡឹង​មើល​នូវ​ពួក​មនុស្ស​ដែល​ត្រូវ​តណ្ហា​គ្រប​សង្កត់​ ត្រូវ​សេចក្តី​ក្តៅក្រហាយ​កើតមាន ត្រូវ​ជរា​បៀតបៀន ម្នា​លបិង្គិយៈ អ្នក​នឹង​ទៅជា​បុគ្គល​មិន​ប្រហែស​ ព្រោះ​ការ​ឃើញ​នោះ ហេតុនេះ អ្នក​ចូរ​លះបង់​តណ្ហា ដើម្បី​ការ​មិនកើត​ទៀត។

 [៩៥​] ពាក្យ​ថា អ្នក​កាលបើ​សំឡឹង​មើល​នូវ​ពួក​មនុស្ស ដែល​ត្រូវ​តណ្ហា​គ្រប​សង្កត់​ ត្រង់​ពាក្យ​ថា​ តណ្ហា បាន​ដល់ រូប​តណ្ហា​ សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា​ ធម្ម​តណ្ហា។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637356990274118822
ទៅកាន់ទំព័រ៖