ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ដែលត្រូវតណ្ហាគ្របសង្កត់ គឺ តណ្ហាគ្របសង្កត់ ទៅតាមតណ្ហា ទាសទៅតាមតណ្ហា ជ្រមុជចុះក្នុងតណ្ហា ត្រូវតណ្ហាគ្របសង្កត់ មានចិត្ត គឺតណ្ហារួបរឹត។ ពាក្យថា ពួកមនុស្ស គឺជាឈ្មោះនៃសត្វ។ ពាក្យថា កាលបើសំឡឹងមើល គឺកាលបើសំឡឹងមើល ក្រឡេកមើល រមិលមើល ពិនិត្យមើល ពិចារណាមើល (ហេតុនោះ) ទ្រង់ត្រាស់ថា អ្នកកាលបើសំឡឹងមើលពួកមនុស្ស ដែលត្រូវតណ្ហាគ្របសង្កត់។ ពាក្យថា ម្នាលបិង្គិយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍ចំឈ្មោះ។
[៩៦] ពាក្យថា ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន ត្រង់ពាក្យថា ត្រូវសេចក្តីក្តៅក្រហាយកើតមាន គឺកើតសេចក្តីក្តៅក្រហាយព្រោះជាតិ កើតសេចក្តីក្តៅក្រហាយព្រោះជរា កើតសេចក្តីក្តៅក្រហាយព្រោះព្យាធិ កើតសេចក្តីក្តៅក្រហាយព្រោះមរណៈ កើតសេចក្តីក្តៅក្រហាយព្រោះសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ កើតសេចក្តីក្តៅក្រហាយព្រោះទុក្ខប្រព្រឹត្តទៅក្នុងនរក។បេ។ កើតសេចក្តីក្តៅក្រហាយ កើតមានចង្រៃ កើតមានឧបទ្រព កើតមានឧបសគ្គអំពីទុក្ខ ព្រោះវិនាសទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវសេចក្តីក្តៅក្រហាយកើតមាន។
ID: 637356990626195560
ទៅកាន់ទំព័រ៖