ព្រះត្រៃបិដក ភាគ ៦៨
ពាក្យថា ត្រូវជរាបៀតបៀន គឺត្រូវជរាប៉ះពាល់ បៀតបៀន រួបរឹត ប្រព្រឹត្តទៅតាមជាតិ ទាសទៅដោយជរា ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ មិនមានទីពំនាក់ មិនមានទីជ្រក មិនមានទីពឹង មិនមានទីរំពឹង ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន។
[៩៧] ពាក្យថា ម្នាលបិង្គិយៈ អ្នកនឹងទៅជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ ត្រង់ពាក្យថា ព្រោះការឃើញនោះ គឺព្រោះហេតុនោះ ព្រោះដំណើរនោះ ព្រោះហេតុដូច្នោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលកាលបើឃើញទោសនៃតណ្ហាយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ អ្នក... ព្រោះការឃើញនោះ។ ពាក្យថា នឹងជាបុគ្គលមិនប្រហែស គឺនឹងជាបុគ្គលធើ្វដោយគោរព ធ្វើរឿយៗ។បេ។ មិនប្រហែសក្នុងកុសលធម៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបិង្គិយៈ អ្នកនឹងជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ។
[៩៨] ពាក្យថា ចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ចូរលះបង់តណ្ហា គឺចូរលះបង់តណ្ហា បន្សាត់បង់តណ្ហា បន្ទោបង់តណ្ហា ធ្វើឲ្យវិនាសតណ្ហា ញុំាងតណ្ហាឲ្យដល់នូវការមិនកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់តណ្ហា។
ID: 637356991019839294
ទៅកាន់ទំព័រ៖