ព្រះត្រៃបិដក ភាគ ៦៨
សោឡសមាណវកប្បញ្ហានិគមនិទ្ទេស
[១០០] ព្រះមានព្រះភាគ កាលគង់នៅនាបាសាណកចេតិយក្នុងមគធជនបទ ទ្រង់បានសំដែងធម៌នេះ កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបំរើ (នៃពាវរីព្រាហ្មណ៍) អារាធនាសួរហើយៗ ព្រះអង្គក៏បានទ្រង់ដោះស្រាយប្រស្នា។
[១០១] ពាក្យថា ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះ គឺបានសំដែងបារាយនៈនេះ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះជាពាក្យពោលដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគទ្រង់បានសំដែងធម៌នេះ។
[១០២] ពាក្យថា កាលគង់នៅក្នុងមគធជនបទ គឺក្នុងជនបទមានឈ្មោះថា មគធៈ។ ពាក្យថា កាលគង់នៅ គឺកាលឋិតនៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ។ ពាក្យថា បាសាណកចេតិយ សេចក្តីថា ពុទ្ធាសនៈ លោកហៅថា បាសាណកចេតិយ ហេតុនោះ (លោកពោលថា) កាលគង់នៅនាបាសាណកចេតិយ ក្នុងមគធជនបទ។
ID: 637357092977425603
ទៅកាន់ទំព័រ៖