ព្រះត្រៃបិដក ភាគ ៦៨
ខគ្គវិសាណសុត្តនិទ្ទេស
[២៣១] (ព្រះបច្ចេកពុទ្ធត្រាស់ថា) បុគ្គលទម្លាក់ចេញនូវអាជ្ញាចំពោះពួកសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ គេមិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នាសម្លាញ់អំពីណាកើត បុគ្គលនោះតែងប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៣២] អធិប្បាយពាក្យថា បុគ្គលទម្លាក់ចេញនូវអាជ្ញា ចំពោះពួកសត្វទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួងនុ៎ះ ជាពាក្យពោលរួម។ ពាក្យថា ពួកសត្វ សេចក្តីថា ពួកសត្វតក់ស្លុត និងពួកសត្វនឹងនួន ហៅថា ពួកសត្វ។ ពាក្យថា ពួកសត្វតក់ស្លុត បានខាងពួកសត្វមិនទាន់លះបង់តណ្ហា និងពួកសត្វ មិនទាន់លះបង់ភ័យដែលគួរខ្លាច។ ដែលលោកពោលថា ពួកសត្វតក់ស្លុត តើព្រោះហេតុដូចម្ដេច។ សត្វទាំងនោះ រមែងតក់ស្លុត ញ័រចំប្រប់ ញាប់ញ័រ ដល់នូវសេចក្តីតក់ស្លុត ព្រោះហេតុនោះ លោកពោលថា ពួកសត្វតក់ស្លុត។ ពាក្យថា ពួកសត្វនឹងនួន បានខាងពួកសត្វលះបង់តណ្ហាហើយ និងពួកសត្វលះបង់ភ័យដែលគួរខ្លាច។ ដែលលោកពោលថា ពួកសត្វនឹងនួន តើព្រោះហេតុដូចម្ដេច។ សត្វទាំងនោះមិនតក់ស្លុត មិនញ័រចំប្រប់ មិនញាប់ញ័រ មិនដល់នូវសេចក្តីតក់ស្លុត ព្រោះហេតុនោះ លោកពោលថា ពួកសត្វនឹងនួន។
ID: 637357780136685683
ទៅកាន់ទំព័រ៖