ព្រះត្រៃបិដក ភាគ ៦៨
បោសាលមាណវកប្បញ្ហានិទេ្ទស ទី១៤
[៣៥] (បោសាលៈមានអាយុ ក្រាបទូលដូច្នេះថា) ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួងហើយ ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរព្រះមានព្រះភាគនោះ)។
[៣៦] អធិប្បាយពាក្យថា ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត ត្រង់ពាក្យថា អង្គណា សំដៅដល់ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងឯង ឥតមានអាចារ្យ បានត្រាស់ដឹងសច្ចៈទាំងឡាយ ដោយព្រះអង្គឯង ក្នុងធម៌ដែលព្រះអង្គមិនធ្លាប់បានស្ដាប់មកក្នុងកាលមុន ទ្រង់សម្រេចសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងឡាយនោះផង សម្រេចនូវភាពស្ទាត់ក្នុងពលធម៌ទាំងឡាយផង។ ពាក្យថា ទ្រង់ពោលអាងកាលជាអតីត បានដល់ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតផង ទ្រង់ពោលអាងកាលជាអនាគតផង ទ្រង់ពោលអាងកាលជាបច្ចុប្បន្នផង របស់ព្រះអង្គ និងពួកសត្វដទៃ។
ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតរបស់ព្រះអង្គ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ពោលអាងអតីតជាតិរបស់ព្រះអង្គ ១ ជាតិខ្លះ ទ្រង់ពោលអាង ២ ជាតិខ្លះ ទ្រង់ពោលអាង ៣ ជាតិខ្លះ ទ្រង់ពោលអាង ៤ ជាតិខ្លះ ទ្រង់ពោលអាង ៥ ជាតិខ្លះ ទ្រង់ពោលអាង ១០ ជាតិខ្លះ
ID: 637356953330373802
ទៅកាន់ទំព័រ៖