ព្រះត្រៃបិដក ភាគ ៦៩

 សីល​ទាំងឡាយ​បែបនេះ ជា​សីល​មិន​ដាច់ មិន​ធ្លុះ មិន​ពពាល មិន​ពព្រុះ​ ជា​សីល របស់​អ្នកជា ជា​សីល​ដែល​វិញ្ញូ​ជន​សរសើរ ជា​សីល​ដែល​មិន​មាន​តណ្ហា និង​ទិដ្ឋិ​បបោស​ អង្អែល ប្រព្រឹត្តទៅ​ដើម្បី​សមាធិ ជាទី​តាំង​នៃ​សេចក្តី​មិន​ក្តៅក្រហាយ ជាទី​តាំង​នៃ​បាមោជ្ជៈ​ ជាទី​តាំង​នៃ​បីតិ ជាទី​តាំង​នៃ​បស្ស​ទ្ធិ ជាទី​តាំង​នៃ​សុខៈ ជាទី​តាំង​នៃ​សមាធិ ជាទី​តាំង​នៃ​យថា​ ភូត​ញ្ញាណ​ទស្សនៈ ប្រព្រឹត្តទៅ​ដើម្បី​និ​ព្វិ​ទា​ដោយ​ចំណែក​មួយ ដើម្បី​ប្រាសចាក​រាគៈ​ ដើម្បី និរោធ ដើម្បី​សេចក្តី​ស្ងប់ស្ងាត់ ដើម្បី​អភិញ្ញា ដើម្បី​ត្រាស់​ដឹង​ ដើម្បី​និព្វាន នេះ​ឈ្មោះថា សីល​មិន​មាន​ទីបំផុត។
 [៨៩​] អ្វី​ឈ្មោះថា​សីល​ សីល​មាន​ប៉ុន្មាន សីល​មាន​សមុដ្ឋាន ដូចម្តេច សីល​ជាទី​ប្រជុំ​ចុះ​នៃ​ធម៌​អ្វីខ្លះ។
 សំនួរ​ថា អ្វី​ឈ្មោះថា សីល ចេតនា​ឈ្មោះថា​សីល ចេតសិក​ឈ្មោះថា​សីល​ សេចក្តី​សង្រួម​ឈ្មោះថា​សីល ការ​មិន​ប្រព្រឹត្ត​កន្លង​ឈ្មោះថា​សីល។
 សំនួរ​ថា សីល​មាន​ប៉ុន្មាន សីល​មាន ៣ គឺ កុសល​សីល ១ អកុសល​សីល ១ អព្យាកត​សីល ១។
 សំនួរ​ថា សីល​មាន​សមុដ្ឋាន​ដូចម្តេច កុសល​សីល មាន​កុសល​ចិត្តជា​សមុដ្ឋាន​ អកុសល​សីល មាន​អកុសលចិត្ត​ជាស​មុ​ដ្ឋាន អព្យាកត​សីល​ មាន​អព្យាកត​ចិត្តជា​សមុដ្ឋាន។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637358854627895705
ទៅកាន់ទំព័រ៖