ព្រះត្រៃបិដក ភាគ ៦៩
ដើម្បីនិព្វាន សេចក្តីបរិសុទ្ធិគឺការសង្រួមនូវសីលទាំងឡាយ មានសភាពយ៉ាងនេះ ឈ្មោះថាអធិសីល ចិត្តដែលតាំងនៅក្នុងសេចក្តីបរិសុទ្ធិគឺការសង្រួម មិនដល់នូវការរាយមាយ សេចក្តីបរិសុទ្ធិគឺការមិនរាយមាយ ឈ្មោះថាអធិចិត្ត បុគ្គលឃើញដោយប្រពៃនូវសេចក្តីបរិសុទ្ធិ គឺការសង្រួម ឃើញដោយប្រពៃនូវសេចក្តីបរិសុទ្ធិគឺការមិនរាយមាយ សេចក្តីបរិសុទ្ធិគឺការឃើញ ឈ្មោះថាអធិប្បញ្ញា អត្ថនៃសេចក្តីសង្រួមណាក្នុងសំវរបារិសុទ្ធិនោះ នេះឈ្មោះថា អធិសីលសិក្ខា អត្ថនៃសេចក្តីមិនរាយមាយណាក្នុងអវិក្ខេបបារិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា អត្ថនៃសេចក្តីឃើញណាក្នុងទស្សនបារិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា បុគ្គលកាលពិចារណានូវសិក្ខាទាំង ៣ នេះ ទើបសិក្សា កាលដឹងទើបសិក្សា កាលឃើញទើបសិក្សា កាលពិចារណាឃើញទើបសិក្សា កាលតាំងចិត្តទើបសិក្សា កាលចុះចិត្តស៊ប់ដោយសទ្ធាទើបសិក្សា កាលផ្គងទុកនូវព្យាយាមទើបសិក្សា កាលប្រុងនូវស្មារតីទើបសិក្សា កាលតាំងចិត្តទុកទើបសិក្សា កាលដឹងច្បាស់ដោយបញ្ញាទើបសិក្សា កាលដឹងចំពោះនូវធម៌ដែលគប្បីដឹងច្បាស់ទើបសិក្សា កាលកំណត់ដឹងនូវទុក្ខសច្ចដែលគប្បីកំណត់ដឹងទើបសិក្សា កាលលះបង់នូវសមុទយសច្ចដែលគប្បីលះបង់ទើបសិក្សា កាលចម្រើននូវមគ្គសច្ចដែលគប្បីចម្រើនទើបសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ចដែលគប្បីធ្វើឲ្យជាក់ច្បាស់ទើបសិក្សា។
ID: 637358856232009734
ទៅកាន់ទំព័រ៖