ព្រះត្រៃបិដក ភាគ ៦៩
ចេតនា ឈ្មោះថាសីល ១ ការសង្រួម ឈ្មោះថាសីល ១ ការមិនប្រព្រឹត្តកន្លង ឈ្មោះថាសីល ១។ សីលមានសភាពយ៉ាងនេះ ប្រព្រឹត្តទៅដើម្បីការមិនក្តៅក្រហាយចិត្ត ប្រព្រឹត្តទៅដើម្បីបាមោជ្ជៈ ប្រព្រឹត្តទៅដើម្បីបីតិ ប្រព្រឹត្តទៅដើម្បីបស្សទ្ធិ ប្រព្រឹត្តទៅដើម្បីសោមនស្ស ប្រព្រឹត្តទៅដើម្បីអាសេវនៈ ប្រព្រឹត្តទៅដើម្បីភាវនា ប្រព្រឹត្តទៅដើម្បីធ្វើឲ្យច្រើន ប្រព្រឹត្តទៅដើម្បីគ្រឿងអលង្ការ ប្រព្រឹត្តទៅដើម្បីគ្រឿងបរិក្ខារ ប្រព្រឹត្តទៅដើម្បីបរិវារ ប្រព្រឹត្តទៅដើម្បីការបំពេញ ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីនិរោធ ដើម្បីសេចក្តីស្ងប់ស្ងាត់ ដើម្បីអភិញ្ញា ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន សេចក្តីបរិសុទ្ធិគឺការសង្រួមនូវសីល មានសភាពយ៉ាងនេះ ឈ្មោះថាអធិសីល ចិត្តដែលតាំងនៅក្នុងសេចក្តីបរិសុទ្ធិគឺសេចក្តីសង្រួម មិនដល់នូវសេចក្តីរាយមាយ សេចក្តីបរិសុទ្ធិគឺសេចក្តីមិនរាយមាយ ឈ្មោះថាអធិចិត្ត បុគ្គលឃើញដោយប្រពៃនូវសេចក្តីបរិសុទ្ធិគឺការសង្រួម ឃើញដោយប្រពៃ នូវសេចក្តីបរិសុទ្ធិគឺការមិនរាយមាយ សេចក្តីបរិសុទ្ធិគឺការឃើញ ឈ្មោះថា អធិប្បញ្ញា សេចក្តីសង្រួមណា ក្នុងសំវរបារិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា សេចក្តីមិនរាយមាយណា ក្នុងអវិក្ខេបបារិសុទ្ធិនោះ នេះឈ្មោះថា អធិចិត្តសិក្ខា សេចក្តីឃើញណា ក្នុងទស្សនបារិសុទ្ធិនោះ នេះឈ្មោះថា អធិប្បញ្ញាសិក្ខា បុគ្គលកាលពិចារណាឃើញនូវសិក្ខាទាំង ៣ នេះទើបសិក្សា កាលដឹងទើបសិក្សា កាលឃើញទើបសិក្សា
ID: 637361180836710539
ទៅកាន់ទំព័រ៖