ព្រះត្រៃបិដក ភាគ ៦៩
កាលពិចារណាឃើញច្បាស់ទើបសិក្សា កាលតាំងចិត្តទុក ទើបសិក្សា កាលចុះចិត្តស៊ប់ដោយសទ្ធាទើបសិក្សា កាលផ្គងទុកនូវសេចក្តីព្យាយាមទើបសិក្សា កាលប្រុងស្មារតីទើបសិក្សា កាលតម្កល់ចិត្តទុកដោយប្រពៃទើបសិក្សា កាលដឹងដោយបញ្ញាទើបសិក្សា កាលដឹងចំពោះនូវធម៌ដែលគប្បីដឹងចំពោះទើបសិក្សា កាលកំណត់ដឹងនូវទុក្ខសច្ច ដែលគប្បីកំណត់ដឹងទើបសិក្សា កាលលះបង់នូវសមុទយសច្ច ដែលគួរលះបង់ទើបសិក្សា កាលចម្រើននូវមគ្គសច្ច ដែលគប្បីចម្រើនទើបសិក្សា កាលធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ដែលគប្បីធ្វើឲ្យជាក់ច្បាស់ទើបសិក្សា ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកហៅថា បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ។
[៩២] បញ្ញាក្នុងការសង្រួមហើយតម្កល់ទុក ឈ្មោះថាសមាធិភាវនាមយញ្ញាណ តើដូចម្តេច សមាធិ ១ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ។ សមាធិ ២ គឺលោកិយសមាធិ ១ លោកុត្តរសមាធិ ១។ សមាធិ ៣ គឺសមាធិប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ១ សមាធិដែលមិនមានវិតក្កៈ មានតែវិចារៈ ១ សមាធិដែលមិនមានវិតក្កៈ មិនមានវិចារៈ ១។ សមាធិ ៤ គឺសមាធិគប់រកនូវសេចក្តីសាបសូន្យ ១ សមាធិគប់រកនូវការតាំងនៅ ១ សមាធិគប់រកនូវគុណវិសេស ១ សមាធិគប់រកនូវការទំលាយកិលេស ១។
ID: 637361181187693478
ទៅកាន់ទំព័រ៖