ព្រះត្រៃបិដក ភាគ ៦៩
សភាវៈដែលដុតនូវការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដុតនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដុតនូវការស្ងប់ឈ្មោះថាសមាធិ ១ ភាពនៃធម៌ដែលដុតនូវធម៌ប្រាសចាកការស្ងប់ ឈ្មោះថាសមាធិ ១ ធម៌មានសភាពស្ងប់ផង មានប្រយោជន៍ផង មានសេចក្តីសុខផង ឈ្មោះថាសមាធិ
(១) នេះអត្ថក្នុងសមាធិ របស់សមាធិ ២៥ ដែលឈ្មោះថា ញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការសង្រួមហើយតម្កល់ទុក ឈ្មោះថាសមាធិភាវនាមយញ្ញាណ។
[៩៤] បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ តើដូចម្តេច អវិជ្ជាជាទីតាំងនៃការកើតឡើងផង ជាទីតាំងនៃការប្រព្រឹត្តទៅផង ជាទីតាំងនៃគ្រឿងកំណត់ផង ជាទីតាំងនៃការប្រមូលផង ជាទីតាំងនៃការប្រកបផង ជាទីតាំងនៃកង្វល់ផង ជាទីតាំងនៃការប្រជុំកើតផង ជាទីតាំងនៃហេតុផង ជាទីតាំងនៃបច្ច័យផង របស់សង្ខារទាំងឡាយ នេះអវិជ្ជាជាបច្ច័យដោយអាការ ៩ យ៉ាង សង្ខារទាំងឡាយកើតឡើងព្រោះបច្ច័យ ធម៌ទាំង ២ នុ៎ះសុទ្ធតែកើតឡើងព្រោះបច្ច័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ
(១) ត្រង់នេះ មិនមែនជាអត្ថរបស់សមាធិទេ។ អដ្ឋកថា។
ID: 637361182696325969
ទៅកាន់ទំព័រ៖