ព្រះត្រៃបិដក ភាគ ៦៩
[៩៨] ក្នុងកម្មភពមុន មោហៈ គឺអវិជ្ជា ការប្រមូលមកគឺសង្ខារ សេចក្តីប្រាថ្នាគឺតណ្ហា កិរិយាប្រកាន់មាំ គឺឧបាទាន ចេតនាគឺភព ធម៌ទាំង ៥ យ៉ាងនេះ ក្នុងកម្មភពមុន ជាបច្ច័យនៃបដិសន្ធិក្នុងបច្ចុប្បន្នភពនេះ បដិសន្ធិក្នុងបច្ចុប្បន្នភពនេះជាតួវិញ្ញាណ ការចុះកាន់គភ៌ គឺនាម និងរូប បសាទៈ គឺអាយតនៈ សភាពដែលបុគ្គលពាល់ត្រូវ គឺផស្សៈ ការទទួលអារម្មណ៍ គឺវេទនា ធម៌ទាំង ៥ យ៉ាងនេះ ក្នុងឧបបត្តិភពនេះ ប្រព្រឹត្តទៅព្រោះបច្ច័យរបស់កម្ម ដែលបុគ្គលធ្វើទុកហើយក្នុងកាលមុន ព្រោះតែអាយតនៈចាស់ក្នុងបច្ចុប្បន្ននេះ មោហៈគឺអវិជ្ជា ការប្រមូលគឺសង្ខារ សេចក្តីប្រាថ្នាគឺតណ្ហា ការប្រកាន់មាំគឺឧបាទាន ចេតនាគឺភព ធម៌ទាំង ៥ យ៉ាងនេះ ក្នុងកម្មភពជាបច្ចុប្បន្ននេះ ជាបច្ច័យនៃបដិសន្ធិក្នុងអានាគត បដិសន្ធិក្នុងអនាគត ជាតួវិញ្ញាណ ការចុះកាន់គភ៌ គឺនាម និងរូប បសាទៈគឺអាយតនៈ ធម៌ដែលបុគ្គលពាល់ត្រូវគឺផស្សៈ ការទទួលអារម្មណ៍គឺវេទនា ធម៌ទាំង ៥ យ៉ាងនេះ ក្នុងឧបបត្តិភពជាអនាគត ប្រព្រឹត្តទៅព្រោះបច្ច័យនៃកម្ម ដែលបុគ្គលធ្វើទុកហើយក្នុងបច្ចុប្បន្នភពនេះ បុគ្គលដឹង ឃើញ យល់ ត្រាស់ដឹងនូវសង្ខេប ៤ កាល ៣ សន្ធិ ៣ នេះ និងបដិច្ចសមុប្បាទ ដោយអាការៈ ២០ យ៉ាង ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។
ID: 637361184993342213
ទៅកាន់ទំព័រ៖