ព្រះត្រៃបិដក ភាគ ៦៩
ដើម្បីប្រយោជន៍ដល់ការបាននូវសោតាបត្តិមគ្គ សេក្ខបុគ្គល ឃើញច្បាស់នូវសង្ខារុបេក្ខា ដើម្បីប្រយោជន៍ដល់ការបាននូវគុណវិសេសតទៅទៀត ព្រោះបានលះបង់នូវសញ្ញោជនៈ ៣ ឯអសេក្ខបុគ្គលឃើញច្បាស់នូវសង្ខារុបេក្ខា ដើម្បីប្រយោជន៍ដល់សុខវិហារធម៌ក្នុងបច្ចុប្បន្ន ព្រោះបានលះបង់នូវកិលេសទាំងអស់ហើយ ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថាលះបង់ផង មិនទាន់លះបង់ផង យ៉ាងនេះឯង។
[១៣២] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ សេក្ខបុគ្គលតែងត្រេកអរចំពោះសង្ខារុបេក្ខា ឬពិចារណានូវសង្ខារុបេក្ខា ឬក៏ចូលផលសមាបត្តិដោយការពិចារណា ឯអសេក្ខបុគ្គល តែងពិចារណាឃើញនូវសង្ខារុបេក្ខា ឬចូលកាន់ផលសមាបត្តិ ដោយការពិចារណា ឬក៏រំពឹងមើលនូវសង្ខារុបេក្ខានោះ ហើយនៅដោយសុញ្ញតវិហារធម៌ក្តី ដោយអនិមិត្តវិហារធម៌ក្តី
ID: 637361217420198362
ទៅកាន់ទំព័រ៖