ព្រះត្រៃបិដក ភាគ ៦៩

 [១៤៥​] ក្នុង​ខណៈ​នៃ​អនាគាមិមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​កាមរាគ​សញ្ញោជនៈ​ និង​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដ៏​ល្អិត ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​សញ្ញោជនៈ​ និង​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ។
 [១៤៦​] ក្នុង​ខណៈ​នៃ​អរហត្តមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​រូប​រាគៈ​ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ និង​អវិ​ជ្ជានុ​ស័យ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​អនុ​សយ​ក្កិ​លេស​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ។
[១៤៧​] យោគី​រមែង​ដុត​បំផ្លាញ​នូវ​កិលេស​ដែល​មិនទាន់​កើត​ ដោយ​អង្គ​ឈាន​ដែល​កើត​ហើយ ហេតុ​នោះ លោក​ហៅថា ឈាន យោគី​រមែង​មិន​ញាប់ញ័រ​ក្នុង​ទិ​ដ្ឋិ​ផ្សេង​ៗ ព្រោះ​ភាពជា​បុគ្គល​ឈ្លាសវៃ​ក្នុង​ឈាន និង​វិមោក្ខ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637361223175318650
ទៅកាន់ទំព័រ៖