ព្រះត្រៃបិដក ភាគ ៦៩
បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំងពីរ ឈ្មោះថា មគ្គញ្ញាណ បញ្ញាដែលសម្រាប់រម្ងាប់នូវព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ បញ្ញាក្នុងការឃើញនូវធម៌ដែលតាំងឡើងក្នុងខណៈមគ្គផលនោះ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បញ្ញាក្នុងការកំណត់នូវអាយតនៈខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវអារម្មណ៍ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវការត្រាច់ទៅ (នៃវិញ្ញាណ) ឈ្មោះថា ចរិយានានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថា ភូមិនានត្តញ្ញាណ បញ្ញាក្នុងការកំណត់នូវធម៌ ៩ ឈ្មោះថា ធម្មនានត្តញ្ញាណ បញ្ញាដែលជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថា ញាតដ្ឋញ្ញាណ បញ្ញាដែលជាគ្រឿងដឹងជ្រួតជ្រាប ឈ្មោះថា តីរណដ្ឋញ្ញាណ បញ្ញាដែលជាគ្រឿងលះ ឈ្មោះថា បរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថា ឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថា ផស្សនដ្ឋញ្ញាណ បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថា អត្ថប្បដិសម្ភិទាញាណ បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថា ធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថា និរុត្តិប្បដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ បញ្ញាក្នុងវិបស្សនាវិហារផ្សេងៗ ឈ្មោះថា វិហារដ្ឋញ្ញាណ
ID: 637358685274304928
ទៅកាន់ទំព័រ៖