ព្រះត្រៃបិដក ភាគ ៦៩
ទស្សនៈកំពុងស្អាត ក្នុងខណៈនៃអនាគាមិមគ្គ ទស្សនៈស្អាតវិសេសហើយ ក្នុងខណៈនៃអនាគាមិផល ទស្សនៈកំពុងស្អាត ក្នុងខណៈនៃអរហត្តមគ្គ ទស្សនៈស្អាតវិសេសហើយ ក្នុងខណៈនៃអរហត្តផល ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការត្រាស់ដឹងនូវការសង្គ្រោះនូវធម៌ទាំងពួងឲ្យមកតែមួយ នូវកិលេសមានភាពផ្សេងៗ និងគុណមានភាពតែមួយ ឈ្មោះថាទស្សនវិសុទ្ធិញ្ញាណ។
[២៤៣] បញ្ញា ព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ តើដូចម្ដេច។ បុគ្គលដឹងច្បាស់រូបថាមិនទៀង ដឹងច្បាស់រូបថាជាទុក្ខ ដឹងច្បាស់រូបថាជាអនត្តា រូបណាៗ ដែលបុគ្គលដឹងច្បាស់ហើយ រូបនោះៗ គួរ (ជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ បុគ្គលដឹងច្បាស់ នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ថាមិនទៀង ដឹងច្បាស់ជរាមរណៈ ថាជាទុក្ខ ដឹងច្បាស់ជរាមរណៈ ថាជាអនត្តា ជរាមរណៈណាៗ ដែលបុគ្គលដឹងច្បាស់ ជរាមរណៈនោះៗ គួរ (ជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាព្រោះការដឹងច្បាស់ ឈ្មោះថាខន្ដិញ្ញាណ។
ID: 637361454223834130
ទៅកាន់ទំព័រ៖