ព្រះត្រៃបិដក ភាគ ៦៩
[២៤៤] បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថាបរិយោគាហនញ្ញាណ តើដូចម្ដេច។ បុគ្គលពាល់ត្រូវនូវរូប ថាមិនទៀង ពាល់ត្រូវនូវរូបថាជាទុក្ខ ពាល់ត្រូវនូវរូបថាជាអនត្តា ពាល់ត្រូវនូវរូបណាៗ ស្ទង់នូវរូបនោះៗ (ឃើញថាជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះសេចក្ដីពាល់ត្រូវ ឈ្មោះថាបរិយោគាហនញ្ញាណ បុគ្គលពាល់ត្រូវ នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ថាមិនទៀង ថាជាទុក្ខ ថាជាអនត្តា ពាល់ត្រូវនូវជរាមរណៈណាៗ ស្ទង់នូវជរាមរណៈនោះៗ ; (ឃើញថាជាយ៉ាងនោះមែន) ហេតុនោះ បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថា បរិយោគាហនញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថាបរិយោគាហនញ្ញាណ។
[២៤៥] បញ្ញាក្នុងការប្រមូល ឈ្មោះថាបទេសវិហារញ្ញាណ តើដូចម្ដេច។ វេទនា ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវសម្មាទិដ្ឋិជាបច្ច័យក៏មាន វេទនា ព្រោះមិច្ឆាសង្កប្បៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាសង្កប្បៈជាបច្ច័យក៏មាន វេទនា ព្រោះសម្មាសង្កប្បៈជាបច្ច័យក៏មាន
ID: 637361465516702855
ទៅកាន់ទំព័រ៖