ព្រះត្រៃបិដក ភាគ ៦៩
គួរដល់កម្ម ក្នុងឥទ្ធិបាទទាំង ៤ នេះហើយ ក៏បញ្ចូលកាយក្នុងចិត្តខ្លះ បញ្ចូលចិត្តក្នុងកាយខ្លះ បង្អោនចិត្តដោយអំណាចនៃកាយខ្លះ បង្អោនកាយដោយអំណាចនៃចិត្តខ្លះ អធិដ្ឋានចិត្តដោយអំណាចនៃកាយខ្លះ អធិដ្ឋានកាយ ដោយអំណាចនៃចិត្តខ្លះ លុះបង្អោនចិត្ត ដោយអំណាចនៃកាយ បង្អោនកាយដោយអំណាចនៃចិត្ត អធិដ្ឋានចិត្តដោយអំណាចនៃកាយ អធិដ្ឋានកាយដោយអំណាចនៃចិត្តហើយ ក៏បញ្ចូលនូវសុខសញ្ញា និងលហុសញ្ញាទៅក្នុងកាយ ភិក្ខុនោះ មានចិត្តអប់រំ បរិសុទ្ធ ផូរផង់ ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្តទៅក្នុងឥទ្ធិវិធញ្ញាណ ភិក្ខុនោះ តែងបានសោយនូវចំណែកនៃឫទ្ធិច្រើនយ៉ាង គឺធ្វើមនុស្សតែមួយរូប ឲ្យទៅជាច្រើនរូបក៏បានខ្លះ ធ្វើមនុស្សច្រើនរូប ឲ្យទៅជាមួយរូបក៏បានខ្លះ ធ្វើទីកំបាំងឲ្យទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទម្លុះ) ទៅខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំ មិនទើសទាក់ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ និងងើបឡើងក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយ ដូចជាដើរលើផែនដីក៏បាន
ID: 637361469179365141
ទៅកាន់ទំព័រ៖