ព្រះត្រៃបិដក ភាគ ៦៩
រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើត ថោកទាប ឧត្តម មានរូបល្អ រូបអាក្រក់ ទៅកាន់សុគតិ ទៅកាន់ទុគ្គតិ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមយថាកម្មថា ឱហ្ន៎ ពួកសត្វដ៏ចម្រើននេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវមិច្ឆាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្ដីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាងពួកដ៏សត្វចម្រើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវសមាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្ដីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សសាមញ្ញ រមែងឃើញនូវពួកសត្វដែលកំពុងច្យុត កំពុងកើត ថោកទាប ឧត្តម មានរូបល្អ រូបអាក្រក់ ទៅកាន់សុគតិ ទៅកាន់ទុគ្គតិ រមែងដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្ម យ៉ាងនេះឯង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាឃើញនូវរូបនិមិត្ត មានភាពផ្សេងៗ និងមានភាពតែមួយ ដោយអំណាចនៃពន្លឺ ឈ្មោះថាទិព្វចក្ខុញ្ញាណ។
ID: 637361472053487371
ទៅកាន់ទំព័រ៖