ព្រះត្រៃបិដក ភាគ ៦៩
អវិជ្ជាសវៈ ដែលឋិតនៅជាមួយនឹងភវាសវៈនោះ ក៏អស់ ដោយសកទាគាមិមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង កាមាសវៈ អស់ឥតមានសេសសល់ ភវាសវៈដែលឋិតនៅជាមួយគ្នានឹងកាមាសវៈនោះក៏អស់ អវិជ្ជាសវៈ ដែលឋិតនៅជាមួយនឹងភវាសវៈនោះក៏អស់ ដោយអនាគាមិមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង ភវាសវៈអស់ឥតមានសេសសល់ អវិជ្ជាសវៈអស់ដោយអរហត្តមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាដែលស្ទាត់ជំនាញ នៃឥន្រ្ទិយទាំង ៣ ដោយអាការ ៦៤ ឈ្មោះថាអាសវក្ខយញ្ញាណ។
[២៦៤] បញ្ញាក្នុងអត្ថថាកំណត់ដឹង ឈ្មោះថាទុក្ខញ្ញាណ បញ្ញាក្នុងអត្ថថាលះ ឈ្មោះថាសមុទយញ្ញាណ បញ្ញាក្នុងអត្ថថាធ្វើឲ្យជាក់ច្បាស់ ឈ្មោះថានិរោធញ្ញាណ បញ្ញាក្នុងអត្ថថាចម្រើន ឈ្មោះថាមគ្គញ្ញាណ តើដូចម្ដេច។ ទុក្ខសច្ច មានអត្ថថាបៀតបៀន មានអត្ថថាក្ដៅក្រហាយ មានអត្ថថាបច្ច័យតាក់តែង មានអត្ថថាប្រែប្រួល មានអត្ថថាគួរកំណត់ដឹង សមុទយសច្ច មានអត្ថថាប្រមូលមក មានអត្ថថាជាហេតុ មានអត្ថថាប្រកបព្រម មានអត្ថថាកង្វល់ មានអត្ថថាលះបង់ និរោធសច្ច
ID: 637361474630539442
ទៅកាន់ទំព័រ៖