ព្រះត្រៃបិដក ភាគ ៦៩
ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការធ្វើធម៌ឲ្យភ្លឺរុងរឿង ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញា ក្នុងការធ្វើនិរុត្តិឲ្យភ្លឺរុងរឿង ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការធ្វើបដិភាណឲ្យភ្លឺរុងរឿង ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវអត្ថ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវធម៌ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវនិរុត្តិ ឈ្មោះថានិរុត្តិប្បដិសម្ភិទាញាណ ប្រាជ្ញាក្នុងការប្រកាសនូវបដិភាណ ឈ្មោះថា បដិភាណប្បដិសម្ភិទាញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាប្រាជ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌ ហេតុនោះ លោកពោលថា អត្ថប្បដិសម្ភិទាញាណ ធម្មប្បដិសម្ភិទាញាណ និរុត្តិប្បដិសម្ភិទាញាណ បដិភាណប្បដិសម្ភិទាញាណ។
[២៦៩] ឥន្រ្ទិយបរោបរិយត្តញ្ញាណ របស់តថាគត តើដូចម្ដេច។ ព្រះតថាគតទ្រង់ឃើញពួកសត្វក្នុងលោកនេះ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វគួរឲ្យត្រាស់ដឹងបានដោយងាយ ឲ្យត្រាស់ដឹងបានដោយក្រ សត្វពួកខ្លះ ឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យ សត្វពួកខ្លះ មិនឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យឡើយ (ញាណបែបនេះ ឈ្មោះថា ឥន្រ្ទិយបរោបរិយត្តញ្ញាណរបស់ព្រះតថាគត)។
ID: 637361476367639372
ទៅកាន់ទំព័រ៖