ព្រះត្រៃបិដក ភាគ ៦៩
លោក ៨ បានដល់លោកធម៌ ៨ លោក ៩ បានដល់ទីនៅរបស់សត្វ ៩ លោក ១០ បានដល់អាយតនៈទាំង ១០ លោក ១២ ; បានដល់អាយតនៈ ១២ លោក ១៨ បានដល់ធាតុ ១៨។
[២៧៦] ពាក្យថា ទោស សេចក្ដីថា កិលេសទាំងអស់ ឈ្មោះថា ទោស ទុច្ចរិតទាំងអស់ ឈ្មោះថាទោស អភិសង្ខារទាំងអស់ ឈ្មោះថាទោស ភវគាមិកម្មទាំងអស់ ឈ្មោះថាទោស សេចក្ដីសំគាល់ថាភ័យដ៏ក្លៀវក្លា រមែងប្រាកដក្នុងលោកនេះផង ក្នុងទោសនេះផង ដោយការយល់ឃើញយ៉ាងនេះឯង ប្រៀបដូចពេជ្ឈឃាដលើកនូវដាវ (ប្រុងនឹងប្រហារ) ព្រះតថាគតទ្រង់ជ្រាប ឃើញ យល់ ចាក់ធ្លុះនូវឥន្រ្ទិយទាំង ៥ នេះ ដោយអាការទាំង ៥០ នេះ នេះឯង ឈ្មោះថា ឥន្រ្ទិយបរោបរិយត្តិញ្ញាណ របស់ព្រះតថាគត។
[២៧៧] សត្តាសយានុសយញ្ញាណ របស់ព្រះតថាគត តើដូចម្ដេច។ ព្រះតថាគតជ្រាបនូវអាសយធម៌ ជ្រាបនូវអនុសយធម៌ ជ្រាបនូវចរិត ជ្រាបនូវអាធ្យាស្រ័យរបស់សត្វទាំងឡាយ ជ្រាបនូវពួកសត្វដែលមានភ័ព្វ និងឥតភព្វ ក្នុងលោកនេះ (ញាណបែបនេះ ឈ្មោះថាសត្តាសយានុសយញ្ញាណ របស់ព្រះតថាគត)។
[២៧៨] អាសយធម៌ របស់ពួកសត្វ តើដូចម្ដេច។
ID: 637361478305077801
ទៅកាន់ទំព័រ៖