ព្រះត្រៃបិដក ភាគ ៦៩
ពួកសត្វដែលអាស្រ័យនូវភវទិដ្ឋិក្ដី អាស្រ័យនូវវិភវទិដ្ឋិក្ដីថា លោកទៀង ឬថាលោកមិនទៀង ថាលោកមានទីបំផុត ថាលោកមិនមានទីបំផុត ថានោះជាជីវៈ នោះជាសរីរៈ ថាជីវៈដទៃ សរីរៈដទៃ ថាសត្វស្លាប់ទៅកើតទៀត ថាសត្វស្លាប់ទៅមិនកើតទៀត ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មាន ឬថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន មួយទៀត អនុលោមិកខន្ដី ក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យ សត្វតែងបានព្រោះមិនអាស្រ័យនូវអន្ដធម៌ទាំងពីរនេះ មួយវិញទៀត យថាភូតញ្ញាណ រមែងដឹងនូវបុគ្គលអ្នកសេពកាម គឺដឹងនូវបុគ្គលអ្នកសេពកាមថា បុគ្គលនេះ ធ្ងន់ក្នុងកាម ដេកត្រាំក្នុងកាម ចុះចិត្តស៊ប់ក្នុងកាម ដឹងនូវបុគ្គលអ្នកសេពនូវនេក្ខម្មៈថា បុគ្គលនេះ ធ្ងន់ក្នុងនេក្ខម្មៈ ដេកត្រាំក្នុងនេក្ខម្មៈ ចុះចិត្តស៊ប់ក្នុងនេក្ខម្មៈ ដឹងនូវបុគ្គលអ្នកសេពនូវព្យាបាទថា បុគ្គលនេះ ធ្ងន់ក្នុងព្យាបាទ ដេកត្រាំក្នុងព្យាបាទ
ID: 637361478589958418
ទៅកាន់ទំព័រ៖