ព្រះត្រៃបិដក ភាគ ៦៩

 [២៨០​] ចរិត​របស់​ពួក​សត្វ តើ​ដូចម្ដេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ​ អនេញ្ជា​ភិ​សង្ខារ ដែល​ជា​ភូមិតូច ឬភូមិ​ធំ នេះ​ឈ្មោះថា ចរិត​របស់​ពួក​សត្វ។
 [២៨១​] អធ្យាស្រ័យ​របស់​ពួក​សត្វ តើ​ដូចម្ដេច។ ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ក៏​មាន ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ក៏​មាន​ ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប រមែង​គប់​រក សេពគប់ ចូល​ទៅ​អង្គុយ​ជិត នូវ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ (ដូចគ្នា​) ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ រមែង​គប់​រក សេពគប់ ចូល​ទៅ​អង្គុយ​ជិត នូវ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ (ដូចគ្នា​) សូម្បី​ក្នុង​កាល​កន្លង​ទៅ​ហើយ​ ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប គប់​រក​ហើយ សេពគប់​ហើយ ចូល​ទៅ​អង្គុយ​ជិត​ហើយ នូវ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ (ដូចគ្នា​) ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ គប់​រក​ហើយ សេពគប់​ហើយ ចូល​ទៅ​អង្គុយ​ជិត​ហើយ នូវ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ (ដូចគ្នា​) សូម្បី​ក្នុង​កាល​ជា​អនាគត​ ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប នឹង​គប់​រក នឹង​សេពគប់ នឹង​ចូល​ទៅ​អង្គុយ​ជិត​ នូវ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប (ដូចគ្នា​) ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ នឹង​គប់​រក នឹង​សេពគប់ នឹង​ចូល​ទៅ​អង្គុយ​ជិត នូវ​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ (ដូចគ្នា​)
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637361479350838546
ទៅកាន់ទំព័រ៖