ព្រះត្រៃបិដក ភាគ ៦៩

ទ្រង់​ឃើញថា​ លោកសន្និវាស​ឥត​ទីរឭក។បេ។ ទ្រង់​ឃើញថា លោកសន្និវាស​មិន​មាន​វត្ថុជា​ទីរឭក។បេ។ ទ្រង់​ឃើញថា សត្វលោក​កំពុង​រវើរវាយ មិន​ស្ងប់​រម្ងាប់។បេ។ ទ្រង់​ឃើញថា លោកសន្និវាស​ប្រកប​ដោយ​សរ​មុត​ហើយ ដោយ​សរ​ផ្សេង​ៗ បុគ្គល​ដទៃ​នីមួយ​ក្រៅពី​តថាគត នឹង​ដក​សរ​របស់​លោក​សន្និវាស​នោះ​មិន​មាន​ឡើយ​ ទ្រង់​ឃើញថា លោកសន្និវាស មាន​ងងឹត​គឺ​អវិជ្ជា ជា​គ្រឿង​រារាំង ធ្លាក់ចុះ​ក្នុង​ទ្រុង​គឺ​កិលេស បុគ្គល​ដទៃ​នីមួយ​ ជា​អ្នកបង្ហាញ​នូវ​ពន្លឺ​ដល់​លោកសន្និវាស​នោះ ក្រៅពី​តថាគត មិន​មាន​ឡើយ ទ្រង់​ឃើញថា​ លោកសន្និវាស​លុះ​ក្នុង​អំណាច​អវិជ្ជា​ជា​អ្នក​ងងឹតងងល់ ត្រូវ​អវិជ្ជា​រួបរឹត​ សាំ​ញុំា​ដូច​អំបោះ​នៃ​ជាងតម្បាញ ស្មុគ្រ​ស្មាញ ដូច​អម្បោះ​ដែល​ជាងតម្បាញ​ប្រឡាក់​ដោយ​ទឹកបាយ ដូច​ស្មៅ​យាប្លង​ និង​ស្មៅ​ដំណេក​ទន្សាយ មិន​ប្រព្រឹត្ត​កន្លង​នូវ​អបាយ​ ទុគ្គតិ​ វិនិបាត និង​សង្សារ​បាន​ឡើយ ទ្រង់​ឃើញថា លោក​សន្និវាស​ជាប់​ដោយ​ទោស​ គឺ​ពិស​នៃ​អវិជ្ជា ប្រកបដោយ​កំហុស​គឺ​កិលេស ទ្រង់​ឃើញថា លោកសន្និវាស ត្រូវ​រាគៈ ទោសៈ​ មោហៈ ចាក់ស្រែះ​ហើយ
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637361481366099207
ទៅកាន់ទំព័រ៖